Main PageHomeFAQSearchMemberlistUsergroupsRegisterLog in

Share | 
 

 ព្រះ​រាជ​ពិធី​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ

View previous topic View next topic Go down 
AuthorMessage
admin
Webmaster
Webmaster
avatar

Male

Posts : 5
Points : 15

PostSubject: ព្រះ​រាជ​ពិធី​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ   Fri Jun 18, 2010 8:26 pm

ព្រះ​រាជ​ពិធី​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ
នៅ​ខែ​កត្តិក
វិទ្យាស្ថាន​សូម​ចុះ​ផ្សាយ​ទាំង​ស្រុង​នូវ​អត្ថបទ​ដែល​បាន​ដក​ស្រង់​ចេញ​ពី​ សៀវភៅ ព្រះរាជ​ពិធី​ទ្វាទសមាស បោះពុម្ព​ដោយ​វិទ្យា​ស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ។ ពិធីមួយ​ចំនួន​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​​ ត្រូវ​បាន​កែ​សម្រួល​ខ្លះ​នា​ពេល​បច្ចុប្បន្ន​ដោយ​យោល​ទៅ​តាម​សម័យ​កាល​នៃ​ ការ​វិវឌ្ឍរបស់​សង្គម ។

ព្រះ​រាជ​ពិធី​ធំ​ៗ ៣ មុខ គឺ​ព្រះ​រាជ​ពិធី​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ តែង​មាន​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា ។ ព្រះ​រាជ​ពិធី​ទាង​នេះ ធ្វើ​នៅ​ក្នុង​ទន្លេ​ចតុម្មុខ នឹង​នៅ​កំពង់​ផែ ខាង​មុខ​ព្រះ​បរម​រាជ​វាំង អស់​ថិរវេលា ៣ ថ្ងៃ គឺ​ថ្ងៃ ១៤ កើត ១៥ កើត នឹង ១ រោច ខែ​កត្តិក ។

តាម​កំណត់​ព្រះ​រាជ​ពិធី ក្នុង​រជ្ជកាល​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម​-សុរាម្រិត ព.ស. ២៥០១ គ.ស. ១៩៥៨ មាន​សេចក្ដី​ដូច​រៀបរាប់​តទៅ ៖

ព្រះ​រាជ​ពិធី​អុំទូក នឹង​បណ្ដែត​ប្រទីប ឥត​មាន​ប្រកាន់​ឈ្មោះ​ថ្ងៃ​ទេ ប្រកាន់​តែ​លំដាប់​ថ្ងៃ គឺ​១៤-១៥​កើត នឹង ១ រោច ខែ​កត្តិក​ប៉ុណ្ណោះ ដូច​រៀបរាប់​ខាង​មុខ ៖


ថ្ងៃ​ទី ១ គឺ​ថ្ងៃ ១៤ កើត ខែ​កត្តិក

ម៉ោង ១៦ គឺ​ម៉ោង ៤ រសៀល ប្រណាំង​ទូក​ង ទូក​មួង ។

ទូក ​ដែល​ត្រូវ​មក​ប្រណាំង​នោះ ប្រហែល ៣០ គូ មក​ពី​វត្ត​ក្នុង​ខែត្រ​ផ្សេង​ៗ ដែល​នៅ​ជិត​មាត់​ទន្លេ មាន​ខែត្រ​កណ្ដាល នឹង​ខែត្រ​កំពង់​ចាម ជា​ដើម ។

របៀប​ប្រណាំង​ទូក គេ​ផ្គូ​គ្នា​ជា​គូ ២ ចេញ​ប្រណាំង​ត ៗ គ្នា​ជា​លំដាប់​លំដោយ​បណ្ដោយ​ទឹក​​តាម​ដង​ទន្លេ​កំពង់​ឆ្នាំង ដើម​ទី​ទន្ទឹម​នឹង​ភ្នំ​ដូន​ពេញ ចុង​ទី​ចំមុខ​ព្រះ​រាជ​ដំណាក់​ផែ ផ្គូ​ប្រណាំង ២ គូ ឬ ៣ គូ ម្ដង​ក៏​មាន ច្រើន​ជាង​នោះ​ក៏​មាន ចុះ​មក​ដល់​ចុង​ទី ហើយ​សារ​ត្រឡប់​ឡើង​ទៅ​ផ្គូ​ម្ដង​ទៀត សារ​ចុះ​សារ​ឡើង ៣ លើក​ក្នុង ១ ថ្ងៃ គ្រប់​ទាំង ៣ ថ្ងៃ ។

នៅ​ពេល​ប្រណាំង​ទូក ភ្លេង​ដន្ត្រី​ព្រះ​រាជ​ទ្រព្យ ភ្លេង​ពិណពាទ្យ​ប្រគំ​នៅ​ព្រះ​រាជ​ដំណាក់​​ផែ តាម​រយៈ​ទូក​ចុះ​ឡើង ។

ព្រះ​រាជ​វង្សានុវង្ស តំណាង​រាស្ត្រ ក្រុម​ប្រឹក្សា​ព្រះ​រាជ​អាណាចក្រ នាហ្មឺន​សព្វ​មុខ​មន្ត្រី​ទាំង​ទាហាន​ទាំង​ស៊ីវិល មន្ត្រី​កិត្តិយស ប្រជុំ​នៅ​ព្រះ​ទីនាំង​មករ ព្រះ​ទីនាំង​បល្ល័ង្ក តាំង​ពី​ម៉ោង ២ រសៀល​ចាំ​ក្រាប​បង្គំ​គាល់​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហាក្សត្រិយានី ដែល​នឹង​ស្ដេច​យាង​មក​ប្រថាប់​ក្នុង​ព្រះ​រាជ​ដំណាក់​ផែ នៅ​វេលា​ម៉ោង ៤-១០ នាទី​រសៀល ។

ទាហាន​ក្រុម​រក្សា​ព្រះ​អង្គ ក្រុម​ខេមរភូមិន្ទ ចាំ​គោរព​អម​សង​ខាង​ផ្លូវ តាំង​ពី​មុខ​ទ្វារ​ព្រះ​បរម​រាជ​វាំង រហូត​ដល់​មាត់​ច្រាំង, ទាហាន​សេះ​ក្រុម​រក្សា​ព្រះ​អង្គ ចាំ​គោរព​អម​តាម​មាត់​ជណ្ដើរ ដែល​ស្ដេច​ចុះ​ទៅ​ព្រះ​រាជ​ដំណាក់​ផែ ។ ប្រធាន​រដ្ឋ​សភា ប្រធាន​ក្រុម​ប្រឹក្សា​ព្រះ​រាជ​អាណាចក្រ រដ្ឋ​មន្ត្រី រដ្ឋ​លេខាធិការ ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ រង់​ចាំ​ក្រាប​បង្គំ​ទទួល​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហា​ក្សត្រិយានី នៅ​មាត់​ជណ្ដើរ​ខាង​លើ ហើយ​តាម​ហែ​ព្រះ​អង្គ​ទៅ​ព្រះ​រាជ​ដំណាក់​ផែ ។

ម៉ោង ១៦ គឺ​ម៉ោង ៤-១០ នាទី​រសៀល ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហាក្សត្រិយានី​ស្ដេច​យាង​ចេញ​ពី​ព្រះ​បរម​រាជវាំង ទៅ​គង់​ប្រថាប់​ក្នុង​ព្រះ​រាជ​ដំណាក់​ផែ ត្រា​តែ​រួច​ព្រះ​រាជ​ពិធី ។

កាល​ទ្រង់​ស្ដេច​យាង​ចេញ មាន​ក្រុម​ឧត្ដម​ប្រឹក្សា​ព្រះ​រាជា នឹង​ព្រះ​រាជ​បរិពារ​ផ្ទាល់​ព្រះ​អង្គ​តាម​ហែ មាន​ភ្លេង​ដន្ត្រី​ព្រះ​រាជ​ទ្រព្យ ប្រគំ​គោរព ។

សូម​ជ្រាប​ថា ក្នុង​ព្រះ​រាជ​ពិធី​នេះ តាំង​ពី​ថ្ងៃ​ដំបូង​រហូត​ដល់​ថ្ងៃ​បង្ហើយ គ្រឿង​ទ្រង់​នឹង​សំលៀក​បំពាក់, សម្រាប់​ព្រះ​រាជា ព្រះ​ពស្ត្រ​ព័ណ៌ ព្រះ​ភូសា​ស័ក្ដិ​ព្រះ​អង្សា ឬ​ស្នាប់​ព្រះ​ជង្ឃ ព្រះ​ភូសា​ស បើក​ព្រះ​សូរង ស័ក្ដិ​ព្រះ​អង្សា ។ សម្រាប់​នាហ្មឺន​សព្វ​មុខ​មន្ត្រី សំពត់​ព័ណ៌ អាវ​កុត​ស ស័ក្ដិ​ស្មា ឬ​ខោ​ជើង​វែង អាវ​បើក​ក​ស ។ សម្រាប់​ទាហាន ខោ​វែង​ឯក​សណ្ឋាន​តាម​ក្រុម ។ គ្រឿង​ឥស្សរិយ​យស " បារ៉េត " ។

ម៉ោង ១៩ គឺ​ម៉ោង ៧ យប់ អុជ​ប្រទីប​ជ្វាលា​នៅ​ព្រះ​រាជ​ដំណាក់​ផែ នឹង​ទូក​កប៉ាល់ ។

នៅ​ពេល​ដំណាល​គ្នា​នោះ បណ្ដែត​ប្រទីប​ដែល​រចនា​រូប​ភាព​ផ្សេងៗ ។ បណ្ដា​ប្រទីប​ទាំង​នោះ ប្រទីប​របស់​ព្រះ​មហាក្សត្រ​មាន​ត្រា​មកុដ​ជា​សញ្ញា, ប្រទីប​របស់​ទី​ស្ដី​ការ​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​មាន​រូប​សីមា​ជា​ សញ្ញា, ប្រទីប​របស់​ទី​ស្ដី​ការ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​មាន​រូប​ត្រា​ជូ (ជញ្ជីង) ជា​សញ្ញា ជា​ដើម សុទ្ធ​តែ​តាំង​លើ​ទូក​លើ​កប៉ាល់​តូច​ៗ រចនា​ដោយ​អគ្គិសនី​ព័ណ៌​ផ្សេងៗ ។ មាន​កប៉ាល់​ ១ សណ្ដោង​ប្រទីប​ទាំង​នោះ​មក​ប្រជុំ​នៅ​មុខ​ព្រះ​រាជ​ដំណាក់​ផែ ។ មុន​ពេល​ចេញ​ដំណើរ​ហែ​តាម​ដង​ទន្លេ ប្រទីប​ព្រះ​មហា​ក្សត្រ​ដែល​នៅ​មុខ​គេ​បំផុត អែប​ចូល​ទៅ​ជិត​ព្រះ​រាជ​ដំណាក់​ផែ ហើយ​ព្រះ​រាជា​ទ្រង់​អុជ​ប្រទីប​នោះ​ផ្ទាល់​ព្រះ​អង្គ ដោយ​ព្រះ​ឈុត​ឈ្នួន​ដង​វែង ដែល​ឧកញ៉ា​ព្រះ​ស្ដេច​ចាងហ្វាង​សង្ឃការី​ថ្វាយ​ទ្រង់ ។ ប្រទីប​ដែល​ព្រះ​រាជា​ទ្រង់​អុជ​នោះ ជា​ទៀន​ក្រមួន​សុទ្ធ ខ្នាត​តូចៗ ហៅ​ទៀន​រ៉ាវ ដែល​បិទ​រាយ​ភ្ជាប់​នៅ​រាង​ប្រទីប​មាន​ចំនួន ៥០០ ដើម ព្រះ​មហា​ក្សត្រ​ទ្រង់​អុជ ៣ ដើម ហើយ​សម្ដេច​ព្រះ​មហាក្សត្រិយានី ព្រះ​ទាំង​សម្ដេច​ព្រះ​ឧបយុវរាជ​ទ្រង់​អុជ ៣ ដើម​ៗ មួយ​ព្រះ​អង្គ​ទៀត ។ រួច​ព្រះ​រាជ​វង្សានុវង្ស​ទ្រង់​អុជ នឹង​នាហ្មឺន​ធំ ២ ដែល​នៅ​គាល់​ជិត​ព្រះ​ករុណា​អុជ​ត ៗ ទៅ​ដរាប​ដល់​គ្រប់​ទៀន​រ៉ាវ ៥០០ ដើម ។ រួច​ហើយ​កប៉ាល់​សណ្ដោង​ប្រទីប​នោះ​ចេញ​បែរ​មុខ​ទៅ​ខាង​ជើង មាន​ល្បឿន​គ្រឿន ៗ សន្សឹម ៗ ច្រាស​ទឹក​ទោ​តាម​ទន្លេ​កំពង់​ឆ្នាំង ដល់​មុខ​វត្ត​ភ្នំ​ដូនពេញ ហើយ​វិល​ត្រឡប់​ចុះ​បណ្ដោយ​ទឹក​មក​វិញ ដល់​មុខ​ព្រះ​រាជ​ដំណាក់​ផែ​ត្រឡប់​ឡើង​ច្រាស​ទឹក​ទៅ​វិញ​ទៀត សារ​ចុះ សារ​ឡើង ៣ លើក ដរាប​ដល់​ម៉ោង ២២ គឺ​ម៉ោង ១០ យប់​ទើប​ឈប់ ។

ពី​ម៉ោង ២១ គឺ​ម៉ោង ៩ យប់​ដល់​អាធ្រាត បញ្ចាំង​ភាពយន្ត​នៅ​វាល​ព្រះ​មេរុ ចែក​ជូន​មហាជន​ទស្សនា ។

ពី​ម៉ោង ២២ គឺ​ម៉ោង ១២ យប់​ដល់​ភ្លឺ ពួក​កញ្ញា​នារី​ច្រៀង​សកវាទិ៍​ក្នុង​ព្រះ​រាជ​ដំណាក់​ផែ ដោយ​មាន​ប្រគំ​ភ្លេង​មហោរី ភ្លេង​ពិណពាទ្យ យ៉ាង​ពីរោះ​ក្រ​លួច​គួរ​សវនា ។


ថ្ងៃ​ទី ២ គឺ​ថ្ងៃ ១៥ កើត ខែ​កត្តិក


ម៉ោង ១៦ គឺ​ម៉ោង ៤ រសៀល ប្រណាំង​ទូក​ង ទូក​មួង ដោយ​មាន​ដន្ត្រី​ព្រះ​រាជ​ទ្រព្យ ភ្លេង​ពិណពាទ្យ ប្រគំ​តាម​រយៈ​ទូក​ចុំ​ឡើង​ដូច​ថ្ងៃ​ទី ១ ។

ព្រះ​រាជ​វង្សានុវង្ស រដ្ឋ​មន្ត្រី រដ្ឋ​លេខាធិការ អនុរដ្ឋលេខាធិការ តំណាង​រាស្ត្រ ក្រុម​ប្រឹក្សា​ព្រះ​រាជាណាចក្រ នាហ្មឺន​សព្វ​មុខ​មន្ត្រី (ទាហាន ស៊ីវិល) មន្ត្រី​កិត្តិយស ចូល​ក្រាប​បង្គំ​គាល់ នៅ​កន្លែង​ដដែល ដូច​ថ្ងៃ​ទី ១ ។


ម៉ោង ២៤ គឺ​ម៉ោង ១២ យប់ ព្រះ​រាជ​ពិធី​សំពះ​ព្រះ​ខែ


ព្រះ​រាជ​ពិធី​សំពះ​ព្រះ​ខែ មាន​របៀប​ដូច​រៀបរាប់​តទៅ ៖

ពួក​ ព្រះ​ក្រាល​រៀប​ចំ​ក្រាល​កម្រាល​នៅ​ទី​ខាង​លើ​មាត់​ច្រាំង ត្រង់​​ជណ្ដើរ​ចុះ​ទៅ​ព្រះ​រាជ​ដំណាក់​ផែ នៅ​ចំ​កណ្ដាល​កម្រាល​នោះ​មាន​រៀប​រណ្ដាប់​អំបាល​នេះ គឺ អំបុក ២ តោក​ធំ ដូង​ខ្ចី ១០ ផ្លែ ចេក​ពង​មាន់ ១០ ស្និត ទៀន​ធំ ១៤ ដើម (តំណាង​ខែត្រ ១៤) ដោយ​មាន​ជើង​ដំកល់​សម្រាប់​បង្វិល​សម្រក់​គ្រប់​ទាំង ១៤ ដើម ។ រៀប​រួច​ហើយ​ដល់​ម៉ោង ២៤ គឺ​ម៉ោង ១២ យប់ ព្រះ​ចន្ទ​ពេញ​វង់​ត្រង់​ចំ​ពី​លើ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង សម្ដេច​ព្រះ​មហា​ក្សត្រិយានី សម្ដេច​ព្រះ​ឧបយុវរាជ ទ្រង់​ស្ដេច​ចេញ​មក​គង់​ប្រថាប់​កណ្ដាល​ទី​ប្រជុំ ដោយ​ជួបជុំ​ព្រះ​រាជ​វង្សានុវង្ស គណៈ​រដ្ឋ​មន្ត្រី នឹង​នាហ្មឺន​សព្វ​មុខ​មន្ត្រី​គង់​អង្គុយ​គាល់​ត្រៀប​ត្រា ។ លុះ​ជួប​ជុំ​ហើយ ឧកញ៉ា​ព្រះ​ស្ដេច​ចាងហ្វាង​ក្រុម​សង្ឃការី ក្រាប​ថ្វាយ​បង្គំ​ចូល​ទៅ​អុជ​ទៀន​ថ្វាយ​ព្រះ​រតនត្រ័យ នឹង​ទេវតា នាំ​នមស្ការ​ព្រះ​រតនត្រ័យ ហើយ​សូត្រ​ប្រកាស​ទេវតា​ដោយ​ពាក្យ​ប្រកាស​ដូច​តទៅ​នេះ ៖

ភោន្តោ ទេវ​សង្ឃា​យោ បពិត្រ​អស់​ពពួក​ទេព​និករ​អ​មរ​មេឃ​ទាំង​មួយ​សែន​កោដិ​ចក្រវាឡ មាន​ទេពតា​ដែល​ឋិត​នៅ​ក្នុង​ឋាន​ឆកាមាវចរ​សួគ៌​ទាំង​៦ ជាន់ គឺ​ឋាន​ចតុម្មហ​រាជិកា តាវត្តិង្ស យាមា តុស្សិត និម្មានរតី បរ​និម្មិត មាន​សម្ដេច​ព្រះ​អមរិន្ទ្រា​ទេវរាជ ជា​ដើម នឹង​ឋាន​សោឡស​ព្រហ្ម​លោក ១៦ ជាន់ មាន​សម្ដេច​ព្រះ​មហា​ព្រហ្ម​ជា​ប្រធាន ព្រម​ទាំង​ភុម្ម​ទេវា រុក្ខ​ទេវា អារក្ខ​ទេវា អាកាស​ទេវា បណ្ដា​ដែល​ឋិត​នៅ​ក្នុង​ព្រៃ​ភ្នំ និគម​ជនបទ ច្រក​ជ្រោះ​ជ្រលង​ដង​អូរ កុម្ភីរ​ជលសា ស្ទឹង បឹងបួ ជួរ​ទន្លេ នឹង​ទេពតា​ដែល​ឋិត​នៅ​គ្រប់​វត្ត​អារាម ក្នុង​ខែត្រ​ខ័ណ្ឌ​ពន្ធ​សីមា ព្រះ​រាជ​ណាចក្រ​កម្ពុជា មាន​ទេវតា​រក្សា​ស្វេតច្ឆត្រ នឹង​ទេវតា​រក្សា​ព្រះ​អង្គ​កន្លោង ទេវតា​រក្សា​ព្រះ​ដំណាក់​ផែ​ជា​ដើម ។

អាយន្ត្វេត្ថ សមាគមេ យើង​ខ្ញុំ​ទាំង​អស់​សូម​អញ្ជើញ​ទេពតា​គ្រប់​ព្រះ​អង្គ ស្ដេច​យាង អញ្ជើញ មក​សន្និបាត​ប្រជុំ ក្នុង​ព្រះ​រាជ​ដំណាក់​ផែ​នេះ​ជា​ក្រសិណ ។

ដ្បិត​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ (នរោត្ដម​1 សុរាម្រិត វិសុទ្ធ​មហា​ខត្តិយវង្ស វិសុទ្ធិ​ហរិពង្ស គុណា​តិរេក ធម្ម​ចរិយោត្ដម បរម​បពិត្រ ព្រះ​ចៅ​ព្រះ​រាជ​អាណាចក្រ​កម្ពុជាធិបតី ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហា​ក្សត្រិយានី សម្ដេច​ព្រះ​ឧបយុវរាជ នាយក​រដ្ឋ​មន្ត្រី) ទ្រង់​មាន​ព្រះ​រាជ​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា បាន​រៀប​ព្រះ​រាជ​ពិធី​បុណ្យ​ចុះ​ព្រះ​រាជ​ដំណាក់​ផែ ហើយ​ទ្រង់​ត្រាស់​បង្គាប់​មន្ត្រី​ខ្ញុំ​រាជការ​គ្រប់​ដំណែង​ឲ្យ​រៀប​ តាក់តែង​អុំ​ទូក លយ​ព្រះ​កន្ទោង អុជ​កាំជ្រួច​រន្ទា ប្រទីប​ជ្វាលា​មាន​រស្មី​ភ្លឺ​ព្រោងព្រាត រុង​រឿង​ល្អ​ជាទី​អស្ចារ្យ មាន​ទាំង​ដូរ្យដន្ត្រី​រាំ​ប្រគំ​ថ្វាយ​ព្រះ​រតនត្រ័យ នឹង​ព្រះ​ចង្កូម​កែវ ដែល​ទ្រង់​ព្រះ​សណ្ឋិត​គង់​នៅ​ក្នុង​ឋាន​ភុជង្គ​នាគ នឹង​ព្រះ​ពុទ្ធ​បាទ​ដែល​នៅ​ក្នុង​ស្ទឹង​យោនក​បុរី នឹង​ព្រះ​ចូឡាមុនី(?) ដែល​ទ្រង់​សណ្ឋិត​នៅ​ក្នុង​ឋាន​តាវត្តឹង្ស ព្រម​ទាំង​ព្រះ​ចេតិយ​ដែល​ទ្រង់​ព្រះ​សណ្ឋិត​ក្នុង​ឋាង​ព្រហ្ម​លោក ព្រម​ទាំង​បូជា​ដល់​ទេពតា​គ្រប់​ព្រះ​អង្គ, ព្រះ​រាជ​ពិធី​បុណ្យ​នេះ (ចូល​ពី​ថ្ងៃ​អង្គារ ១៤ កើត​ខែ​កត្តិក ឆ្នាំ​ច​សំរិទ្ធិស័ក ព.ស. ២៥០១ ត្រូវ​នឹង​ថ្ងៃ ២៥ ខែ​វិច្ឆិកា ឆ្នាំ ១៩៥៨ ដរាប​ដល់​ថ្ងៃ​ពុធ ១៥ កើត ខែ​កត្តិក2 នេះ) ជា​ថ្ងៃ​ពេញ​បូណ៌មី​ព្រះ​ចន្ទ​ពេញ​វង់ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​រៀប​គ្រឿង​សក្ការៈ អំបុក ចេក ដូង ថ្វាយ ប្រះ​ខែ បូជា​ចំពោះ​ព្រះ​បរម​រូប​ព្រះ​ស​ស​បណ្ឌិត​បរម​​ពោធិសត្វ ដែល​ទ្រង់​ព្រះ​សណ្ឋិត​តាំង​នៅ​ក្នុង​វង់​ព្រះ​ចន្ទ​សព្វ​ថ្ងៃ​នេះ នឹង​បញ្ច​វលាហកៈ ទាំង ៥ ព្រះ​អង្គ ព្រម​ទាំង​ទេពតា​គ្រប់​ព្រះ​អង្គ តាម​ព្រះ​រាជប្បវេណី​អំពី​បុរាណ​រៀង​មក លុះ​ដល់​ថ្ងៃ (ព្រហស្បតិ៍3) ១ រោច ខែ - ឆ្នាំ​ដដែល​នេះ ពិធី​ផ្ដាច់​ព្រ័ត្រ​ជា​កិច្ច​សម្រេច​ព្រះ​រាជ​ពិធី​បុណ្យ ។

ហេតុ​នេះ សូម​ទេពតា​គ្រប់​ព្រះ​អង្គ​ស្ដេច​យាង អញ្ជើញ​ធ្វើ​ទស្សនកិច្ច នឹង​សេព​សោយ​នូវ​គ្រឿង​សក្ការៈ​បូជា​ជា​ទី​កំសាន្ត​តាម​សព្វ​ព្រះ​ហ្ឫទ័យ ស្រេច​ហើយ​សូម​មេត្តា​ជួយ​ឧបត្ថម្ភ​គាំ​ពារ (ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហាក្សត្រិយានី សម្ដេច​ព្រះ​ឧបយុវរាជ នាយក​រដ្ឋ​មន្ត្រី​4) សូម​កុំ​ឲ្យ​មាន​រោគា​ព្យាធិ​ចូល​មក​បៀតបៀន​ក្នុង​ព្រះ​អង្គ​ឡើយ សូម​ទ្រង់​មាន​ជោគជ័យ មាន​តេជះ ឈ្នះ​សឹក​សត្រូវ​គ្រប់​ទិសានុទិស ហើយ​សូម​ទ្រង់​បាន​ប្រកប​នូវ​ព្រះ​សុខ​ភាព​នឹង​វឌ្ឍនភាព ទ្រង់​តាំង​នៅ​ក្នុង​សិរី​រាជ​សម្បត្តិ ឲ្យ​បាន​ថ្កុំថ្កើង​រុងរឿង​អស់​កាល​ជា​អង្វែង ព្រម​ទាំង​ព្រះ​រាជ​វង្សានុវង្ស គណៈ​រដ្ឋមន្ត្រី ក្រុម​ប្រឹក្សា​ព្រះ​រាជ​អាណាចក្រ​កម្ពុជា រដ្ឋ​សភា នាហ្មឺន​តូច​ធំ ខ្ញុំ​រាជការ​ប្រុស-ស្រី នឹង​អាណា​ប្រជានុរាស្ត្រ ដែល​ជា​ពលរដ្ឋ​ទាំង​អស់ នៅ​ក្នុង​ព្រះ​រាជ​អាណាចក្រ​កម្ពុជាធិបតី​នេះ ក៏​សូម​ឲ្យ​បាន​សេចក្ដី​សុខ - ចំរើន​គ្រប់​គ្នា​ទាំង​អស់​ត​ទៅ ។

ម្យ៉ាង​ទៀត យើង​ខ្ញុំ​ទាំង​ឡាយ សូម​បួងសួង​ចង់​ដឹង​នៅ​ឧទកធារា ដែល​ទេពតា​គ្រប់​ព្រះ​អង្គ មាន​បញ្ច​វលាហកៈ​ជា​ដើម​បង្អោរ​ទឹក​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​ក្នុង​ព្រះ​រាជ ​អាណាចក្រ​កម្ពុជា​ទាំង ១៤ ខែត្រ ក្នុង​ឆ្នាំ (កុរ​នក្សត្រ​ឯកស័ក ព.ស. ២៥០២​5) នៅ​ខាង​មុខ​នេះ តើ​ខេត្ត​ណា​មាន​ភ្លៀង​ច្រើន​ជាង​ខេត្ត​ណា យើង​ខ្ញុំ​សូម​សន្មត​ទៀន​ទាំង ១៤ នេះ ជា​តំណាង​ទឹក​ភ្លៀង​គ្រប់​ខេត្ត​ទាំង​អស់ គឺ​ទៀន​ទី ១ តំណាង​ទឹក​ភ្លៀង​ខេត្ត​កណ្ដាល ទៀន​ទី ២ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពង់​ចាម ទៀន​ទី ៣ តំណាង​ទឹក​ភ្លៀង​ខេត្ត​​បាត់​ដំបង ទៀន​ទី ៤ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពត ទៀន​ទី ៥ តំណាង​ទឹក​ភ្លៀង​ខេត្ត​ព្រៃវែង ទៀន​ទី ៦ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពង់ឆ្នាំង ទៀន​ទី ៧ តំណាង​ទឹក​ភ្លៀង​ខេត្ត​តាកែវ ទៀន​ទី ៨ តំណាង​ទឹក​ភ្លៀង​ខេត្ត​ស្វាយ​រៀង ទៀន​ទី ៩ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពង់​ធំ ទៀន​ទី ១០ តំណាង​ទឹក​ភ្លៀង​ខេត្ត​សៀមរាប ទៀន​ទី ១១ តំណាង​ទឹក​ភ្លៀង​ខេត្ត​ក្រចេះ ទៀន​ទី ១២ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពង់​ស្ពឺ ទៀន​ទី​១៣ តំណាង​ទឹក​ភ្លៀង​ខេត្ត​ពោធិ៍សាត់ ទៀន​ទី​១៤ តំណាង​ទឹក​ភ្លៀង​ខេត្ត​ស្ទឹង​ត្រែង6 ។

សូម​ទេពតា​នឹង​មហា​ព្រហ្ម បញ្ចវលាហកៈ​គ្រប់​ព្រះ​អង្គ​មេត្តា​បង្អោរ​ទឹក​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​ ក្នុង​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ឲ្យ​បាន​បរិបូណ៌​ដើម​ឆ្នាំ​នឹង​កណ្ដាល​ឆ្នាំ​ចុង​ឆ្នាំ ឲ្យ​បាន​គ្រប់​ខេត្ត​ទាំង​អស់ ហើយ​សូម​ឲ្យ​កើត​ផលានុផល គឺ ស្រូវ​អង្ករ សណ្ដែក ល្ង ពោត ក្របាស ថ្នាំ ឲ្យ​បាន​បរិបូណ៌។​​​​​​

ប្រកាស​ទេវតា​ចប់​ហើយ ព្រះ​រាជា​ទ្រង់​ស្ដេច​អុជ​ទៀន​ទាំង ១៤ ដើម រួច​បង្វិល​ទៀន​ទាំង ១៤ សម្រក់​ផ្សង សុំ​ទឹក​ភ្លៀង​ឲ្យ​បរិបូណ៌​ក្នុង​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​កើត​ផលានុផល​ដ៏​សម្បូណ៌​សប្បាយ​ដល់​ប្រជា​ពលរដ្ឋ ។

លុះ​ផ្សង​រួច ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ទ្រង់​ព្រះ​បរម​រាជានុញ្ញាត​ព្រះ​រាជ ​ទាន​រណ្ដាប់​ដង្វាយ​ទាំង​ឡាយ មាន​អំបុក​ចេក​ជាដើម ដល់​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ទាំងឡាយ​ឲ្យ​ទទួល​ព្រះ​រាជ​ទាន​ជា​ទី​កំសាន្ត ​សប្បាយ ។

ទំនៀម​អក​អំបុក សំពះ​ព្រះ​ខែ ខាង​ពិធី​រាស្ត្រ​មាន​របៀប​រៀប​ចំ​នឹង​រណ្ដាប់​ប្រហែល​ព្រះ​រាជ​ពិធី​ដែរ ហើយ​ក្នុង​ពេល​អក​ពួក​រាស្ត្រ​គេ​តែង​ងើយ​មុខ​ឡើង​មើល​ទៅ​ដួង​ព្រះ​ចន្ទ ដែល​នៅ​កណ្ដាល​អម្ពរ​ចំ​ពី​លើ​សិរសា ប្រណម្យ​អញ្ជលី ហើយ​ទើប​ចាប់​អំបុក​ឡើង​អក, ខាង​ព្រះ​រាជ​ពិធី​ក៏​ធ្វើ​ដូច្នេះ​ដែរ គ្រាន់​តែ​មាន​របៀប​នឹង​រណ្ដាប់​ឧត្ដុង្គ​ឧត្ដម​ជាង​ពិធី​រាស្ត្រ​ប៉ុណ្ណោះ ។

ក្នុង​ថ្ងៃ ១៥ កើត ក្រៅ​ពី​ព្រះ​រាជ​ពិធី​សំពះ​ព្រះ​ខែ តាំង​ពី​ម៉ោង ១៤ គឺ​ម៉ោង ៤ រសៀល​រហូត​ដល់​ភ្លឺ មាន​ព្រះ​រាជ​ពិធី​ដទៃ​ដូច​ថ្ងៃ​ទី ១ ។

ថ្ងៃ​ទី ៣ គឺ​ថ្ងៃ ១ រោច ខែ​កត្តិក


ម៉ោង ១៤ គឺ​ម៉ោង ២ រសៀល ប្រណាំង​ទូក​ង ទូក​មួង ដោយ​មាន​ដន្ត្រី​ព្រះ​រាជ​ទ្រព្យ ភ្លេង​ពិណពាទ្យ ប្រគំ​តាម​រយៈ​ទូក​ចុះ​ឡើង​ដូច​ថ្ងៃ​ទី ១ ។

ព្រះ​រាជ​វង្សានុវង្ស រដ្ឋ​មន្ត្រី រដ្ឋ​លេខាធិការ អនុ​រដ្ឋ​លេខាធិការ តំណាង​រាស្ត្រ ក្រុម​ប្រឹក្សា​ព្រះ​រាជ​អាណាចក្រ នាហ្មឺន​សព្វ​មុខ​មន្ត្រី ទាំង​ទាហាន​ទាំង​ស៊ីវិល មន្ត្រី​កិត្តិយស ចូល​ក្រាប​បង្គំ​គាល់ នៅ​កន្លែង​ដដែល ដូច​ថ្ងៃ​ទី ១ ។

ម៉ោង ១៥,៣០ នាទី គឺ​ម៉ោង ៣ កន្លះ​រសៀល អង្គ​ទូត​អញ្ជើញ​មក​ក្រាប​បង្គំ​គាល់​ព្រះ​ករុណា ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហាក្សត្រិយានី តាម​សេចក្ដី​អញ្ជើញ ។

​​ ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ ព្រះ​រាជង្គរក្ស​ទី ១ ចាំ​ទទួល​នៅ​ត្រង់​ជណ្ដើរ​ចុះ​ទៅ​ព្រះ​រាជ​ដំណាក់​ផែ ។

ទាហាន​ក្រុម​រក្សា​ព្រះ​អង្គ ក្រុម​ខេមរភូមិន្ទ ក្រុម​ភ្លេង​កង​វរ​សេនា​តូច​រក្សា​ព្រះ​អង្គ គោរព​គំនាប់​នៅ​វេលា​អញ្ជើញ​មក​ដល់ នឹង​ត្រឡប់​ទៅ​វិញ ។

លុះ​ជួបជុំ​ហើយ ចាត់​ការ​ប្រណាំង​ទូក​កាត់​ព្រ័ត្រ ដោយ​របៀប​ដូច​តទៅ​នេះ ៖

ថ្ងៃ​ទី ៣ គឺ​ថ្ងៃ ១ រោច ខែ​កត្តិក ជា​ថ្ងៃ​បង្ហើយ មាន​ការ​ប្រណាំង​ទូក​កាត់​ព្រ័ត្រ​យ៉ាង​ឧឡារិក​ជាង​ថ្ងៃ​មុន​ៗ គឺ​លើក​ទី ១ លើក​ទី ២ ផ្គូ​ទុក​ជា​គូ ៗ ដូច​ថ្ងៃ​ទី ១ ទី ២ ដែរ, ប្លែក​តែ​លើក​ទី ៣ ក្រោយ​បំផុត​ភ្ជុំ​ពួក​ទូក​ទាំង​អស់​នៅ​ដើម​ទី ទូក​ចែវ​ដោយ​ទូក​ចែវ ទូក​អុំ​ដោយ​ទូក​អុំ ហើយ​ទូក​ទាំង​នោះ ចេញ​ស្រប​ស្មើ​គ្នា​មក​ទាំង​ហ្វូង បែរ​មុខ​មក​ខាង​ត្បូង​បណ្ដោយ​ទឹក មាន​អាការ​ដូច​ជា​ខំ​នាំ​គ្នា​បណ្ដេញ​ទឹក​ឲ្យ​ស្រក​ហូរ​ចុះ​ទោ​សមុទ្រ​ឆាប់ ៗ ។

ការ​ប្រណាំង​ទុក​នេះ មាន​បោះ​យុថ្កា​ភ្ជាប់​សំប៉ាន ១ ចំ​កណ្ដាល​ទន្លេ ៤ មុខ ត្រង់​មុខ​ព្រះ​រាជ​តំណាក់​ផែ មាន​ភ្នាក់ងារ​ម្នាក់​ស្លៀក​ខោ​ខៀវ​ពាក់​ងាវ​ក្រហម អង្គុយ​លើ​សំប៉ាន​នោះ​កាន់​ដំបង​ចាំ​វាយ​ស្គរ​តូច​មួយ នៅ​ពេល​ដែល​ពួក​ទុក​មក​ដល់​ទី​នោះ ១ លើក ៗ ជា​សទ្ទសញ្ញា តាំង​ពី​លើក​ទី ១ ទី ២ រហូត​ដល់​លើក​ទី ៣ ក្រោយ​បំផុត ឲ្យ​ដំណឹង​ថា​ទូក​ណា​ឈ្នះ​ទូក​ណា​ចាញ់ ។ ធ្វើ​ដូច្នេះ​តាំង​ពី​ថ្ងៃ​ដំបូង តែ​នៅ​ថ្ងៃ​ក្រោយ​បំផុត​សន្មត​ហៅ​ថា " ព្រះ​រាជ​ពិធី​កាត់​ព្រ័ត្រ " ។

ពេល​នោះ​ល្អ​មើល​ជាង​ពេល​ទៀត មហា​ជន​រាប់​ម៉ឺន​នាក់​ដែល​រង់​ចាំ​ទស្សនា មាន​នេត្រា​បាញ់​តម្រង់​ទៅ​ទូក ទៅ ទី​កាត់​ព្រ័ត្រ​នោះ​គ្រប់ ៗ គ្នា​ដោយ​សេចក្ដី​រីករាយ​យ៉ាង​មហិមា​រៀង​ខ្លួន ។


អស់​ព្រះ​រាជ​ពិធី​អុំ​ទូក​ត្រឹម​ប៉ុណ្ណេះ


កំណត់​សម្គាល់លេខយោង
១. ត្រង់​វង់​ក្រចក​នេះ សម្រាប់​ចុះ​ព្រះ​បរម​នាម​នៃ​ព្រះ​រាជា​ដែល​ទ្រង់​រាជ្យ ក្នុង​រជ្ជកាល​ដែល​ទ្រង់​ធ្វើ​ព្រះ​រាជ​ពិធី​នេះ ។
២. ត្រង់​វង់​ក្រចក​នេះ សម្រាប់​កាល​បរិច្ឆេទ​ដែល​ធ្វើ​ព្រះ​រាជ​ពិធី​រៀង​រាល់​ឆ្នាំ ។
៣. ត្រង់​វង់​ក្រចក​នេះ សម្រាប់​ចុះ​ព្រះ​បរម​នាម​ក្នុង​រជ្ជកាល​ដែល​ធ្វើ​ព្រះ​រាជ​ពិធី​នេះ ។
៤. ត្រង់​វង់​ក្រចក​នេះ សម្រាប់​ចុះ​ព្រះ​បរម​នាម​​ក្នុង​រជ្ជកាល​ដែល​ធ្វើ​ព្រះ​រាជ​ពិធី​នេះ ។
៥. សម្រាប់​ចុះ​កាល​បរិច្ឆេទ​នៃ​ព្រះ​រាជ​ពិធី​នេះ ។
៦. ចំនួន​នេះ កំណត់​តាម​ខែត្រ​ក្នុង​ព្រះ​រាជ​អាណាចក្រ​ដែល​មាន​ក្នុង​សម័យ​ធ្វើ​ព្រះ​រាជ​ពិធី​នេះ


source: http://www.budinst.gov.kh/?q=node/312

_________________
"Minutes slowly go by as the precious thoughts of us being together once again remain in my mind. The comforting images of you takes hold of my soul and through my eyes I visualize the time I had with you before you had to go; taking a part of me with you. I realize I need you so much because I love you. There's no other person I'd rather be with, no other person I'd rather be loved by, no other person I'd rather love or miss than you!?"
Back to top Go down
View user profile http://mitapheap.findtalk.biz
 
ព្រះ​រាជ​ពិធី​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ
View previous topic View next topic Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
 :: GENERAL DISCUSSION :: Art - Culture - History (សិល្បះ - វប្បធម៌ - ប្រវត្តិសាស)-
Jump to: